បច្ចេកទេស​ថត​រូប​ដោយ​ទូរស័ព្ទ Smartphone បាន​ស្អាត​បំផុត ពេល​ដើរ​លេង


ពេល​ដើរ​លេង​នៅ​កន្លែង​កម្សាន្ត​នានា កាមេរ៉ា​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​គឺ Smartphone ព្រោះ​ស្រាល ស្ដើង​តូច ងាយ​ដាក់​តាម​ខ្លួន និង​រហ័ស​ទាន់​ចិត្ត​។ ត្រឹម​រូប​សម្រាប់ Post ក្នុង Instagram និង Facebook មិន​ចាំបាច់​ត្រូវ​ការ​គុណភាព​ខ្ពស់​ពេក​ទេ​។ អ្នក​ខ្លះ​មាន​ត្រឹម Smartphone សេរី​ទាប គុណភាព និង ពណ៌​រូប​ភាព​រៀង​ទាប​បន្តិច​មែន​ប៉ុន្តែ​មិន​ដល់​ថ្នាក់​យក​ប្រើ​ការ​មិន​បាន​នោះ​ទេ​។ ឧបករណ៍ ដែល​ល្អ​វា​មិន​សំខាន់​ទេ នៅ​ពេល​ដែល​អ្នក​មិន​មាន​វា អ្វី​ដែល​សំខាន់​គឺ​របៀប​ថត​របស់​អ្នក​។
បើ​អ្នក​កំពុង​កាន់ Smartphone សេរី​ទាប ដូច​ជា​ខ្ញុំ គឺ Samsung J4+ គុណភាព​រូប​ទាប និង​ពណ៌​ក៏​មិន​សូវ​ស្រលះ កុំ​ទាន់​អាល​អន់​ចិត្ត អ្នក​ប្រហែល​ជា​អាច​ថត​រូប​បាន​ស្អាត​ជាង iPhone 10 ឲ្យ​តែ​អ្នក​បាន​អាន​នូវ​ចំណុច​ខាង​ក្រោម​។

. សកម្មភាព​តួ​អង្គ
អ្នក​ត្រូវ​ចេះ​បង្កើត​សកម្មភាព​សម្រាប់​តួ​អង្គ​របស់​អ្នក ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​គ្រប់គ្រាន់ ហើយ​ពន្យល់​តួ​អង្គ​ឲ្យ​យល់​ពី​គោល​បំណង និង​ប្លង់​ថត​ដែល​អ្នក​ចង់​បាន​។ ដំបូងៗ តួ​អង្គ​របស់​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​រំខាន​បន្តិច ប៉ុន្តែ​គេ​នឹង​រីករាយ និង​មាន​ទំនុក​ចិត្ត​លើ​អ្នក​នៅ​ពេល​អ្នក​បង្ហាញ​រូបភាព​ស្អាតៗ​ឲ្យ​គេ​មើល​។


. ទីតាំង និង​ទេសភាព
អ្នក​ត្រូវ​ចាំ​ថា​កាមេរ៉ា​ទូរស័ព្ទ​មាន​កម្រិត Aperture តូច​ណាស់ មិន​អាច​បង្កើត Depth of field បាន​ដូច​កាមេរ៉ា​បាន​ទេ​។ ដូច​នេះ​អ្នក​ត្រូវ​ចេះ​ជ្រើស​រើស​ទី​តាំង និង Background ឲ្យ​បាន​ល្អ​។ អ្នក​គួរ​តែ​ព្យាយាម​ចាប់​យក Background ដែល​នៅ​ឆ្ងាយ​ពី​តួ​អង្គ ជា​ជាង​នៅ​ជិត​តួ​អង្គ ដើម្បី​លើក​តួ​អង្គ​ឲ្យ​លេច​ធ្លោ​ឡើង​ជាង​គេ​។ យក​ល្អ​អ្នក​គួរ​រក​ទីតាំង​ណា​ដែល​មិន​សូវ​មាន​មនុស្ស​ម្នា​ច្រើន ហើយ​ព្យាយាម​ដាក់​តែ​តួ​អង្គ​ម្នាក់​បាន​ហើយ​នៅ​ក្នុង​ប្លង់​ថត ហើយ​តួ​អង្គ​ត្រូវ​មាន​លក្ខណៈ​រស់​រវើក​ជាង​ទេសភាព​។



. ប្លង់​ថត
អ្នកកុំភ្លេចទ្រឹស្ដីប្លង់ថតជាមូលដ្ឋានទាំង៦ ទីតាំងកាមេរ៉ាទាំង៣ និង​ត្រូវ​ច្នៃ​វា​ឲ្យ​ទៅ​ជា​ប្លង់​ផ្សេង​ទៀត​តាម​ជាក់​ស្ដែង​។ អ្នក​គួរ​ព្យាយាម​ថត​ដោយ​ផ្ដេក​ទូរស័ព្ទ​ល្អ​ជាង​បញ្ឈរ ទោះ​បី​ថត​មនុស្ស​ក៏​ដោយ​។ ព្រោះ​អ្នក​មិន​មែន​ចង់​បង្ហាញ​តែ​មនុស្ស​ទេ គឺ​ចង់​បង្ហាញ​ថា​តួ​អង្គ​អ្នក​កំពុង​នៅ​ទី​កន្លែង​ដ៏​ស្អាត ស្រស់​បំព្រង និង​មាន​អារម្មណ៍​ថា​ស្រស់ថ្លា ឬ សប្បាយ​រីករាយ​ផង​។ កុំ​ភ្លេច​ចុច Focus ឲ្យ​ចំ​តួ​អង្គ​ផង ដើម្បី​ប្រាកដ​ថា​តួ​អង្គ​របស់​អ្នក​ច្បាស់​ល្អ មិន Blur



. អត្តចរិត​អ្នក​ថត
ហេតុ​អ្វី​បាន​វា​សំខាន់​? ពិត​ណាស់​បើ​អ្នក​ថត​មាន​មារយាទ​មិន​ល្អ ខ្ជីខ្ជា កុំ​សង្ឃឹម​បាន​រូប​ល្អ​ឲ្យ​សោះ​។
  • ចិត្ត​ស្ងប់ និង​អំណត់
  • រហ័ស ឈ្លាសវៃ
  • មាន​គំនិត​វិជ្ជមាន​ច្រើន
  • ការ​តាំង​ចិត្ត​ខ្ពស់ ហ្មត់ចត់
  • ឧស្សាហ៍​ព្យាយាម
អ្នក​ខ្លះ​គិត​ថា ខ្លួន​មិន​មែន​ជា​អ្នក​ថត​រូប​អាជីព ហើយ​ក្នុង​ដៃ​គ្រាន់​តែ​ជា​ទូរស័ព្ទ​ប៉ុណ្ណោះ មិន​ចាំ​បាច់​អី​ធ្វើ​ខ្លួន​ដូច​អ្នក​ថត​រូប​មែនទែន​នោះ​ទេ នាំ​រវល់​ច្រើន​ផង ខាត​ពេល​ផង​។ គ្រាន់​តែ​ថត​ឲ្យ​តែ​ឃើញ និង​បានៗ​ប៉ុណ្ណោះ​។ មិន​ដូច្នោះ​ទេ ការ​យល់​បែប​នេះ​ខុស​ហើយ​។ អ្នក​ទៅ​កម្សាន្ត​កន្លែង​ល្អ​មួយ យ៉ាង​ច្រើន​បាន​៣​ថ្ងៃ ប៉ុន្តែ​រូបថត​របស់​អ្នក​ដែល​ល្អ​ពេល​ដំណើរ​កម្សាន្ត​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​រីករាយ​ពេញ​មួយ​ជីវិត ឲ្យ​តែ​អ្នក​មើល​ឃើញ​វា​។ ដូច្នេះ​អ្នក​មិន​គួរ​គិត​ស្រាល​លើ​ការ​ថត​រូប​ទេ ត្រូវ​ព្យាយាម​ថត​ឲ្យ​បាន​ស្អាត​បំផុត មាន​ន័យ​គួរ​ជា​ទី​គាប់​ចិត្ត​បំផុត​។

. Editing Process
ប្រើ​សិន​បើ​អ្នក​ឧស្សាហ៍ និង​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​យក​មក​កែ​លម្អ​បន្ថែម​នៅ​ក្នុង​កម្មវិធី​ដូច​ជា Lightroom Photoshop បាន​។ អ្នក​ក៏​អាច​ដំឡើង App Lightroom នៅ​ក្នុង​ទូរស័ព្ទ​ដើម្បី​ប្រើ​បាន​ដែរ ក្រៅ​ពី​នេះ​នៅ​មាន App ផ្សេង​ជា​ច្រើន​ក្នុង Play Store ។ អ្នក​គួរ​កែ​តែ​ពណ៌ និង​ពន្លឺ​បាន​ហើយ និង​ត្រូវ​ប្រយ័ត្ន​ការ​ដំឡើង​ពន្លឺ និង Clarity ខ្លាំង​ពេក​វា​អាច​ធ្វើ​ឲ្យ​រូប​ភាព​បែក​។ និយាយរួម អ្នក​គ្រាន់​តែ​កែ​បន្តិច​បន្តួច​បាន​ហើយ​កុំ​ខ្លាំង​ពេក ព្រោះ​រូប​ចេញ​ពី​ទូរស័ព្ទ​មិន​មាន Dynamic Range ខ្ពស់​ដូច​រូប​ចេញ​ពី Pro-camera ទេ​។

Adobe Lightroom CC