សម័យនេះពេលធ្វើដំណើរកម្សាន្តទៅកន្លែងណាមួយ បើអត់មានរូបថតទេ
គឺហាក់បីដូចជាខ្វះរសជាតិអ្វីម្យ៉ាង ដែលជួយឲ្យដំណើរកម្សាន្តនោះមានភាពសប្បាយរីករាយ។
ដូច្នេះការថតរូប (Photography) បានដើរតួនាទីយ់ាងសំខាន់លើវស័យទេសចរណ៍។
ដើម្បីជួយឲ្យជាគន្លឹះខ្លះៗដល់ការថតរូបដំណើរកម្សាន្ត (Photography Trip) cambography.com នឹងបង្ហាញនូវចំណុចមយយចំនួនក្នុងការរៀបចំគម្រោងមុនពេលចេញដំណើរ។
១. ប្រាកដថាអ្នកមានឧបករណ៍ត្រឹមត្រូវ និងគ្រប់តាមតម្រូវការ
របស់ដែលសំខាន់សម្រាប់កាមេរ៉ា
DSLR
គឺ Lens។ បើអ្នកជាអ្នកថតរូបម្នាក់
យ៉ាងហោចណាស់មាន Zoom Lens ពីរ គឺ Wide Angle (16-35mm, 24-105mm) មួយ និង 70-200mm មួយ។ Lens ពីនេះជួយអ្នកឲ្យថតបានសឹងគ្រប់កាលៈទេសៈ
នៅខាងក្រៅ។ តែបើអ្នកប្រើ Compact Camera មិនថ្វីទេ គឺវាអាស្រ័យលើការរៀបចំប្លងរបស់អ្នកទៅវិញ។
ជើងទម្រ (Tripod) កុំខ្ជិលយកជើងកាមេរ៉ាតាម។ អ្នកនឹងស្ដាយក្រោយប្រសិនគិតថា វាមិនចាំបាច់
ហើយមិនយកតាម។ Tripod នឹងជួយអ្នកបានច្រើន ការណីអ្នកចង់ថត Lower
Shutter Speed ឬថត Time-lapse ។ សម្រាប់ Photography
អ្នកមិនចាំបាច់យក Tripod ដែកមាំធ្ងន់ ដូចថតវីដេអូទេ។
អ្នកគួររើសយក ជើងកាមេរ៉ាអ្នកស្រាលល្មម និងមានលំនឹងមាំល្អ ទ្រកាមេរ៉ាបាន
ហើយងាយដាក់តាមខ្លួនមួយទៅបានហើយ។
ឧបករណ៍សម្អាត (Lens
cloth) ភ្ជាប់វាក្នុងកាបូបកាមេរ៉ាកុំខាន ព្រោះវាជួយអ្នកករណី Lens
ប្រឡាក់ ឬស្រអាប់ដោយសារចំហាយទឹក និងជួយសម្អាតកាមេរ៉ាផង។
ភ្ជាប់ទៅជាមួយ External
Hard Drive និងកុំព្យូទ័រទុកទាញរូបចេញ ពេលដែលអង្គចងចាំពេញ។ អ្នកគួរមានអង្គចងចាំពីរជាការល្អ!
កុំភ្លេចភ្ជាប់ ប្រដាប់សាកថ្ម
និង Power
Bank ដែលមានសមត្ថភាពអាចសាកថ្មកាមេរ៉ាបានទៅជាមួយផង ក្រែងលោថតៗអស់ថ្មអត់មានអីថត
ស្ដាយរូប។ យ៉ាងហោចណាស់ក៏មានថ្មពីរដែរ មិនគួរប្រើថ្មតែមួយឡើយ។
២. ស្គាល់ឧបករណ៍
និងចេះប្រើវា
ត្រូវប្រាកដថាឧបករណ៍ទាំងអស់អ្នកបានសាកល្បង
និងដំណើរការល្អតាមតម្រូវការ និងចេះប្រើវាយ៉ាងស្ទាត់ជំនាញ។ កុំទុកចិត្តលើសម្ភារៈបច្ចេកទេសទាំងអស់នោះ
ទោះបីវាថ្មីសន្លាងក៏ដោយ។ ជួនកាលអ្នកអាចភ្លាត់ស្នៀត ដោយសារអ្នកមិនបានសាកប្រើវា
នៅពេលប្រើមែនទែនបែជាទាល់តម្រិះមិនចេះប្រើ នេះជាបញ្ហាដែលតែងកើតមានឡើង។
៣. ស្វែងយល់ពីទីតាំង
មុនចេញដំណើរ
អ្នកត្រូវស្វែងយល់ពីទីតាំងឲ្យបានច្បាស់តាមតេអាចធ្វើទៅបាន។ អ្នកអាចប្រើ Google
Earth ដើម្បីមើលទីតាំងដែលអ្នកនឹងទៅ និងទីតាំងដែលឆ្លងកាត់។ ទោះបីវាមិនដូចគ្នា១០០ភាគរយពេលដែលអ្នកទៅដល់ជាក់ស្ដែងក៏ដោយ
តែវាអាចជួយជាមូលដ្ឋានបានខ្លះដែរដូចជា កន្លែងនោះមានភូមិសាស្ត្របែបណា ភ្នំនៅត្រង់ណា
ទឹកនៅត្រង់ណា ជាវាលស្រែ ឬជាដីទំនេរ។ល។ អ្នកនឹងដឹងថា តើត្រូវឈរនៅតីតាំងណា បន្ទាប់មកទៅណាដើម្បីបានរូបស្អាតប្លែកបីគេ
ហើយត្រូវប្រើសម្ភារៈអ្វីខ្លះ។ Google Earth https://earth.google.com/web/
៤. ផ្ដោតសំខាន់តែកន្លែងដែលត្រូវថតពីរទៅបីប៉ុណ្ណោះ
ប្រាកដណាស់
អ្នកអាចធ្វើដំណើរទៅច្រើនកន្លែង តែអ្នកមិនគួរចំណាយពេល និងកម្លាំងថតគ្រប់កន្លែងនោះទេ
ព្រោះវាអាចឲ្យនឲ្យអ្នកអស់កម្លាំង បាត់បង់ទឹកចិត្តប្រមូលរូប អស់ថ្ម ខាតទំហំផ្ទុកនៃអង្គចងចាំជាដើម។
អ្នកចំណាយពេលលើកន្លែងដែលអ្នកឆ្លងកាត់តិចតួចបានហើយ បើសិនខានមិនបាន
តែអ្នកត្រូវប្រមូលអារម្មណ៍ផ្ដោតទៅលើកន្លែងដែលអ្នកបានគ្រោងទុកប្រមាណជា ៣ ទៅ ៤
កន្លែង។
ឧទាហរណ៍ថា អ្នកជិះម៉ូតូទៅកាន់ទីតាំងមួយនៅខេត្តកំពង់ស្ពឺ
ក្នុងគោលបំណងថតទេសភាពទំនប់ទឹកមួយពីទួលខាងកើត ទៅភ្នំខាងលិចរួមទាំងសកម្មភាពផ្សេងៗទៀត
ដែលកើតមាននៅទីតាំងនោះ ដូចជាអ្នកស្រុកចែវទូករាយមង ហ្វូងក្របី សត្វបក្សាហើរ....
នាពេលល្ងាច។ អ្នកបានចេញដំណើរពីភ្នំពេញម៉ោងមួយ ហើយឆ្លងកាត់កន្លែងមួយចំនួន ដែលអ្នកឃើញហើយនឹកស្ដាយ
ហើយត្រូវតែថត អ្នកគួរតែចុះទៅថតយករូប តែកំភ្លេចលៃពេលយ៉ាងណាទៅឲ្យដល់កន្លែងគោលដៅរបស់អ្នកឲ្យទាន់ពេល។
៥. ស្វែងយល់ពី ដំណើរគោចរនៃព្រះអាទិត្យ
សម្រាប់អ្នកថត Landscape
Photograph ចំណុចនេះ មិនអាចរំលងបានទេ ព្រោះអ្នកពឹងលើសម្រស់នៃព្រះសូរសែង។
ដំណើរគោចរនៃព្រះអាទិត្យ រាប់តាំងពីម៉ោងថ្ងៃរះ ម៉ោងថ្ងៃលិច រះនៅកន្លែងណា
លិចទៅវិញនៅត្រង់ណាជាដើម។ App ល្អបំផុតសម្រាប់ប្រើ គឺ Photopills
។
៦. ស្រាជ្រាវប្រវត្តិ
និងវប្បធម៌ នៃទីតាំង
ដើម្បីឲ្យអ្នកមានគំនិតល្អៗក្នុងការផលិតរូប
អ្នកថតរួបត្រូវដឹងពីប្រវត្តិ ការរស់នៅរបស់ប្រជាជន អត្ថន័យខ្លឹមសារនៃវត្ថុ ទីតាំង ដែលអ្នកត្រូវថត។
តាមរយៈរូបថតរបស់អ្នក អ្នកអាចប្រាប់រឿងរ៉ាវទៅកាន់អ្នកមើលឲ្យយល់ និងស្គាល់ពីកន្លែងនោះ។
ហើយវាទាញមនោសញ្ចេតនានៃអ្នកមើលឲ្យលង់ទៅក្នុងរឿងដែលគេធ្លាប់ជួបប្រទះកាលពីមុន ឬហាក់ដូចជាកំពុងស្ថិតនៅទីតាំងនោះផ្ទាល់តែម្ដង។
កុំគ្រាន់តែទៅថត
អ្នកគួរតែធ្វើខ្លួនជាអ្នកកាសែតដែរ។ បានន័យថា អ្នកគួរទៅសួរនាំអ្នកស្រុក
ពីប្រវត្តិទីតាំង ជីវិតប្រចាំថ្ងៃទាក់ទិននឹងទីតាំង និងដំណើរយល់ឃើញរបស់ពួកគាត់ជាដើម។
៧. ស្រាវជ្រាវរករូបដែលអ្នកផ្សេងបានថតនៅកន្លែងនៅដែរ
ចំណុចនេះសំខាន់ដែរ
ព្រោះថាជួយឲ្យអ្នកផលិតរូប ដែលប្លែកពីគេ និងពីរបៀបរបបនៃការថតរបស់អ្នកដទៃដែរ។
៧ ចំណុចខាងលើនេះជាគ្រោងមនចេញថត។
នៅពេលដែលអ្នកមានគម្រោងច្បាស់លាស់ហើយ អ្នកពិតជាងាយស្រួលក្នុងការផលិតរូបឲ្យបានស្អាតល្អ
និងគ្រប់ជ្រុងជ្រោយ ដែលអ្នកត្រូការ។ ជាជាងការណ៍ ដែលធ្វើដំណើរដោយគ្មានគ្រោងការទុក
ហើយចេះតែថតអ្វីៗតាមតែប្រទះ លទ្ធផលចេញមកក៏វាតាមយថាកម្មដែរ។