ចេះទ្រឹស្ដីទាំង៥នេះ អ្នកនឹងក្លាយជាអ្នកថតរូបជំនាញ


បង្កើត​រូបភាព​ទាក់ទាញ​មួយ​សន្លឹក​វា​មិន​ងាយ​ស្រួល​ដូច​ជា​ការ​គិត​របស់​មនុស្ស​ទូទៅ​នោះ​ទេ ព្រោះ​ថា ចំណុច​សំខាន់​របស់​ការ​ថត​រូប គេ​គិត​ពី​របៀប​នៃ​ការ​ថត​ជា​ជាង​អ្វី​ដែល​គេ​ថត​។
ជួនកាល បើ​ទោះ​ជា​កំពុង​ប្រទះ​នូវ​ទេសភាព និង​កម្មវត្ថុ​ល្អ​យ៉ាង​ណា ក៏​វា​អាច​ទៅ​ជា​អាក្រក់​បាន​ដែរ ប្រសិន​បើ​អ្នក​ថត​មិន​ច្បាស់​ថា ត្រូវ​ថត​ដោយ​ទ្រឹស្ដី​មួយ​ណា ឬ​របៀប​ណា​។ ដំណើរការ​ជ្រើស​យក​របៀប​ថត​ណា​មួយ​មក​ប្រើ​នេះ​គេ​ហៅ​ថា Composition ។ អ្នក​អាច​អភិវឌ្ឍន៍​ជំនាញ​ថត​រូប​បន្ថែម​តាម​រយៈ​ស្វែង​យល់​ពី​ទ្រឹស្ដី​សំខាន់ៗ​ទាំង​៥​ខាង​ក្រោម​។

ទី​១. ទ្រឹស្ដី Rule of Third
សម្រាប់​អ្នក​ថត​រូប​ជា​ច្រើន ទ្រឹស្ដីបទ Rule of Third គឺ​ជា​ចំណែក​សំខាន់​មួយ​ដែល​ពួក​គេ​បាន​សិក្សា​។ បើសិនជា​អ្នក​ស្ទាត់​ជំនាញ​នូវ​ចំណុច​នេះ​ហើយ អ្នក​គួរ​រំលង​វា​ចោល​ចុះ ប៉ុន្តែ​ប្រសិន​បើ​មិន​ទាន់​យល់​ទេ អ្នក​គួរ​តែ​ចំណាយ​ពេល​អាន​បន្តិច​។
នៅ​ពេល​ចាប់​កាមេរ៉ា​តម្រង់​ទៅ​កាន់​កម្មវត្ថុ ជា​ទូទៅ​គឺ​គេ​តែង​ឲ្យ​កម្មវត្ថុ​នៅ​ចំកណ្ដាល រួច​សឹម​ងាក​រេ​ឲ្យ​ត្រូវ​តាម​លក្ខខណ្ឌ Rule of Third
Rule of Third មាន​ន័យ​យ៉ាង​ដូច​ម្ដេច​?
នៅ​លើ​រូបភាព​ដែល​អ្នក​ថត​មួយ​សន្លឹក គេ​គូរ​បន្ទាត់​៤ រត់​កាត់​ទទឹង​គ្នា បង្កើត​បាន​ជា​៩​ចន្លោះ ឬ​១៦​មុំ​កែង​។ ដូច្នេះ​អ្នក​អាច​រាប់​ពី​លើ​ចុះ​ក្រោម​ត្រឹម​បន្ទាត់​ទី២ ឬ​មុំ​ទី៣ រាប់​ពី​ក្រោម​ឡើង​លើ​ត្រឹម​បន្ទាត់​ទី​២ ឬ​មុំ​ទី​៣ រាប់​ពី​ឆ្វេង​ទៅ​ស្ដាំ និង​ពី​ស្ដាំ​មក​ឆ្វេង​ដូច​គ្នា​។ អ្នក​គួរ​ដាក់​កម្មវត្ថុ​នៅ​ត្រង់​មុំកែង​ទី​៣ តាម​លំដាប់​ដែល​អ្នក​បាន​រាប់​ខាង​លើ​។ នេះ​ហើយ​ទើប​គេ​ហៅ​ទ្រឹស្ដី​នេះ​ថា ទ្រឹស្ដីបទRule of Third



ទី​២. ទ្រឹស្ដីបទ The Golden Ratio
ស្រដៀង​គ្នា​នឹង Rule of Third ដែរ តែ​រៀង​ជ្រៅ​ជាង​បន្តិច ដោយ​វា​ផ្អែក​ទៅ​លើ​ទ្រឹស្ដី​គណិតវិទ្យា ដែល​យើង​អាច​រក​វា​តាម​រយៈ​ធម្មជាតិ​។ ទ្រឹស្ដី​នេះ​បាន​ពន្យល់​ឲ្យ​អ្នក​ថត​ដឹង​ពី ចំណុច​សំខាន់​នៃ​រូប​មួយ​សន្លឹក និង​ដាក់​វា​ឲ្យ​ចំ​កន្លែង​ត្រឹមត្រូវ​។ ជា​ទូទៅ​ទ្រឹស្ដី​នេះ​តែង​ប្រើ​ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​កម្មវត្ថុ និង​អ្វីៗ​ដែល​នៅ​ជាប់​គ្នា​នោះ​។ នៅ​ក្នុង​ទ្រឹស្ដី​នេះ បាន​បង្កើត​រូបមន្ត​មួយ​ដែល​ជួយ​ពន្យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​វា ដោយ​មាន​ន័យថា គ្រប់ ១ប៊ីត (1 bit) នៃ​ចំណុច​ដែល​មាន​កម្មវត្ថុ ត្រូវ​ចូលរួម​ពី​ចំណុច​បំពេញ​ន័យ ១.៦ ប៊ីត (1.6 bits)។ រៀង​ដូច​ជា​ស្មុគស្មាញ​បន្តិ​!
គេ​ចែក​រូប​ភាព​មួយ​សន្លឹក​ជា​បី​ចំណែក (រាប់​ពី​ឆ្វេង​មក​ស្ដាំ ពី​ស្ដាំ​ទៅ​ឆ្វេង ពី​លើ​ចុះ​ក្រោម និង​ពី​ក្រោម​ឡើង​លើ​) ដែល​ហៅ​ថា Bit​។ អ្នក​ថត​តែង​ទុក​មួយ​ចំណែក (1 bit) សម្រាប់ ដាក់​កម្មវត្ថុ ហើយ​មួយ​ចំណែក បូក​បន្ថែម​ជាង​កន្លះ​ចំណែក (0.6) ដែល​បាន​មក​ពី​ចំណែក​កណ្ដាល​ជា​កន្លែង​សម្រាប់​ដាក់​អ្វី​ដែល​ជួយ​បញ្ជាក់​ន័យ​ឲ្យ​កម្មវត្ថុ​។



ទី​៣. គោលការណ៍ Gestalt (The Principles of Gestalt)
The Principles of Gestalt ជា​ទ្រឹស្ដី​បែប​ចិត្តវិទ្យា​មួយ ដែល​អ្នក​ថត​រូប​យក​មក​ប្រើ ដើម្បី​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​បង្កប់​អត្ថន័យ​។ ជា​ទូទៅ​ទ្រឹស្ដី​នេះ​បាន​បង្កើត​ឲ្យ​មាន​រូបភាព ដែល​មាន​ភាព​ស្មុគស្មាញ​ច្រើន ធ្វើ​ឲ្យ​មនុស្ស​គិត និង​រៀប​ចំ​កម្មវត្ថុ​ទៅ​តាម​លំដាប់លំដោយ​។ នៅ​ពេល​នោះ​ហើយ​ទើប​គេ​យល់​អត្ថន័យ​របស់​រូប​នោះ​ថា​ចង់​ពិពណ៌នា​ពី​អ្វី​។ នៅ​ក្នុង គោលការណ៍ Gestalt មាន​គន្លឹះ​មួយ​ចំនួន​ដែល​ត្រូវ​ស្វែង​យល់​។
1. Proximity: កម្មវត្ថុ​ជា​ក្រុម ដែល​បង្ហាញ​ថា ពួក​គេ​មាន​ទំនាក់ទំនង​ជា​មួយ​គ្នា​ជិតស្និទ្ធ​។



2. Similarity: កម្មវត្ថុ​មាន​លក្ខណៈ​ដូច ឬ​ស្រដៀង​គ្នា និង​នៅ​ជិត​គ្នា​។


3. Closure: បិទ​បញ្ចប់​កម្មវត្ថុ​។ ឧទាហរណ៍​ថា ទេសភាព​វាលស្រែ​មាន​ស្រូវ​ទំ​ពណ៌​មាស មើល​ដាច់​កន្ទុយ​ភ្នែក ប៉ុន្តែ​ត្រូវ​បិទ​បញ្ចប់​ដោយ​លំហ​មេឃ ព្រោះ​តែ​ផ្ទៃដី​មាន​លក្ខណៈ​ទាប​ចុះ​។ យ៉ាង​នេះ​ក្ដី​ខួរក្បាល​មនុស្ស​នៅ​តែ​គិត​ថា វាល​ស្រែ​នោះ​នៅ​តែ​បន្ត​រហូត​ដល់​កន្លែង​ណា​មួយ​ដែល​គេ​មិន​ដឹង​។
4. Simplicity: បាន​ន័យ​ថា ដូច​ជា​ផ្លូវ​អម​ដោយ​សួន​ច្បារ និង​បង្គោល​ភ្លើង មើល​ទៅ​ហាក់​ដូចជា​រត់​ទៅ​ជួប​គ្នា​នៅ​ខាង​មុខ​។
5. Continuation: ស្រដៀងនឹង Simplicity ដែរ គឺថា កម្មវត្ថុ​មាន​លក្ខណៈ​ស្រដៀង​គ្នា នៅ​ជា​បន្តបន្ទាប់​គ្នា​រហូត​មើល​ទៅ​ហាក់​ដូច​ជា​មិន​ដាច់​សោះ​។
6. Segregation Figure: ជា​រូបភាព​ទូលាយ​មួយ ដែល​ក្នុង​នោះ​កម្មវត្ថុ​មើល​ទៅ​ឃើញ​តូច តែ​មាន​លក្ខណៈ​ប្លែក​ពី​អ្វីៗ​នៅ​ជុំវិញ​។
7. Emergence: ត្រង់​ចំណុច​នេះ​គឺ ក្នុង​រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​នូវ​កម្មវត្ថុ​ជា​ច្រើន និង​មិន​ផ្ដោត​ទៅ​លើ​អ្វី​មួយ​នោះ​ទេ នៅ​ពេល​មើល​មួយ​ភ្លែត​។ ប៉ុន្តែ នៅ​ពេល​គេ​សម្លឹង​យូរ​ទៅ គេ​នឹង​ដឹង​ពី​អត្ថន័យ​នៃ​រូប​ថា តើ​ជា​អ្វី​?

ទី​៤. Leading Line
Leading Line មាន​ន័យ​ថា​បន្ទាត់​មួយ ដែល​នាំ​ភ្នែក​អ្នក​មើល​ឲ្យ​ទៅ​កាន់​អ្វី​មួយ​នៅ​ក្នុង​រូបថត​។ ជា​ចិត្តសាស្ត្រ​នៅ​ពេល​អ្នក​មើល​តែង​ចាប់​ផ្ដើម​មើល​ពី​ដើម​បន្ទាត់​មុន​គេ ហើយ​គ្រវាស​ភ្នែក​ទៅ​កាន់​ចុង​បន្ទាត់​។ ប៉ុន្តែ​សួរ​ថា​បន្ទាត់​នោះ​គ្រាន់​តែ​ជា​អ្នក​នាំ​ភ្នែក​ទេ​ឬ​? មែន​ហើយ វា​មិន​គ្រាន់​តែ​ជា​អ្នក​នាំ​ភ្នែក​អ្នក​មើល​នោះ​ទេ វា​ក៏​ជា​ធាតុ​បញ្ជាក់​ន័យ​ឲ្យ​រូបភាព​ដែរ​។



ទី​៥. Background & Foreground
ជា​រឿង​ពិបាក​ដែរ​សម្រាប់​ការ​ថត​យ៉ាង​ម៉េច​ឲ្យ​បាន​បី​ស្រទាប់​ជាប់​គ្នា ដោយ​មើល​ទៅ​ច្បាស់​ស្អាត​។ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស Lens កាមេរ៉ា​។
រូបដែលមាន៣វិមាត្រ (3D) ជា​រូប​ដែល​ទាក់ទាញ​ភ្នែក​អ្នក​មើល និង​ធ្វើ​ឲ្យ​អ្នក​មើល​អាច​ប្រៀបធៀប​វិមាត្រ​ទាំង​នោះ​បាន​។ ឧទាហរណ៍​ថា អ្នក​ថត​ទេស​ភាព ដោយ​មាន​ដើម​ត្នោត​ដុះ​ជាប់​គ្នា​២​ដើម និង​ខាង​ក្រោយ​មាន​ជួរ​ភ្នំ ចន្លោះ​ភ្នំ និង​ដើម​ត្នោត​មាន​វាល​ស្រែ​ពណ៌​ខៀវ និង​មាន​ហ្វូង​ក្របី​ផង​ដែរ​។ ៣​វិមាត្រ​នៃ​រូប​ភាព​នេះ អាច​ឲ្យ​អ្នក​មើល​យល់​បាន​ថា ចម្ងាយ​ពី​ដើម​ត្នោត​ទៅ​ភ្នំ​ឆ្ងាយ​ប៉ុណ្ណា​? មាន​អ្វី​ខ្លះ​? ភ្នំ​ទាំង​នោះ​ធំ​ប៉ុណ្ណា​?
អ្វី​អស់​ទាំង​នេះ​អ្នក​មើល​គេ​ឃើញ តែ​គេ​មិន​ដឹង​ទេ​ថា​ថត​យ៉ាង​ម៉េច​។ តែ​អ្នក​ថត​ត្រូវ​តែ​ដឹង​ថា មាន​អ្វី​ខ្លះ​នៅ​ក្នុង​រូប ដើម្បី​ទាញ​ចិត្ត​អ្នក​មើល​ឲ្យ​ស្រមៃ​ឃើញ​អ្វី​មួយ​ដែល​គេ​ធ្លាប់​ឆ្លង​កាត់​។

តើ​ទ្រឹស្ដី​មួយ​ណា​ដែល​អ្នក​តែង​ប្រើ​?