កំហុស១០យ៉ាងរបស់អ្នកថតរូបថ្មីថ្មោង

ចេះ​កាន់​កាមេរ៉ា​ថត​រូប​ដំបូង​ៗ​រៀង​មាន​អំនួត​បន្តិច និង​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ខូច​ការ​ជា​ញឹកញយ​។ ប៉ុន្តែ​បទពិសោធន៍​ច្រើន​ដង​ទៅ វា​អាច​នាំ​ឲ្យ​អ្នក​កែប្រែ​កំហុស​ទាំង​នោះ​ចេញ​ជា​មិន​ខាន​។

ខាង​ក្រោម​នេះ​ គឺ​ជា​ទម្លាប់​អាក្រក់​ទាំង​ ១០ ​នៃ​អ្នក​ថត​រូប​ថ្មីថ្មោង​មួយ​ចំនួន​តែង​ពើប​ប្រទះ​៖

) ប្រើ​ឧបករណ៍​មិន​ត្រឹមត្រូវ​

ទើប​ចេះ​កាន់​​កាមេរ៉ា​ថ្មីថ្មោង អ្នក​ខ្លះ​ចំណាយ​លុយ​ទិញ​កាមេរ៉ា​ថ្លៃ​ផុត​លេខ​។ មាន​កាមេរ៉ា​ភ្ជាប់​ជាមួយ​ Sensor កម្រិត​ Resolution ខ្ពស់​ និង​មុខងារ​ល្អៗ គឺ​ជា​ការ​ល្អ​ប្រសើរ​ តែ​ភ្លេច​គិត​ដល់ Lens Lens ក៏​ជា​របស់​សំខាន់​មួយ ដែល​ជួយ​បង្កើន​គុណភាព​រូប​ផង​ដែរ​។ ​ដូច្នេះ​អ្នក​គួរ​ទុក​ថវិកា​ខ្លះ​សម្រាប់​ Lens 

គួរ​បែង​ចែក​លុយ​កាក់​ ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ទិញ​ឧបករណ៍​។ ទិញ​កាមេរ៉ា​ល្អ​ តែ​គួរ​មាន​ Lens ល្អ​ផង​ដែរ​។ Lens 24-70​mm f/2.8 ឬ 70-200​mm f/2.8 មិន​ថោក​ទេ​ តែ​បើ​មាន​គឺ​ជា​ការ​ល្អ ​។


) មើល​រំលង​រឿង​កំប៉ិកកំប៉ុក

ជូន​កាល​ប្រហែស អាង​ថា​ថ្ម​ថាមពល​កាន់​ភ្លើង​បាន​យូរ មិន​ខ្វាយខ្វល់​រឿង​សាក​ឲ្យ​បាន​ពេញ​ៗ ហើយ​មិន​បាន​ត្រៀម​ថ្ម​ទុក​ផ្លាស់​ប្ដូរ​ទៀត​។ ដល់​ពេល​ចេញ​ថត​បាន​ពាក់​កណ្ដាល​ទី អស់​រលីង តើ​ត្រូវ​ធ្វើ​ម៉េច​? មាន​តែ​ឈប់​ថត ហើយ​ត្រលប់​មក​សាក​ថ្ម​ឲ្យ​ពេញ​វិញ​។

រឿង​មួយ​ទៀត​គឺ អង្គ​ចងចាំ (Memory Card) ។ ជា​ញឹកញយ​អ្នក​ថត​តែង​មើល​ងាយ​សមត្ថភាព​អង្គ​ចងចាំ ឬ​មើល​ងាយ​ការងារ​របស់​ខ្លួន ពេល​ចេញ​ថត​ខាង​ក្រៅ ឬ​ក៏​ដោយសារ​ការ​ខ្ជិល​មិន​ទាញ​រូបភាព​ទុក​ក្នុង​កុំព្យូទ័រ​ឲ្យ​ហើយ​។ ពេល​ចេញ​ថត ជួន​កាល​ចង់​ថត​វីដេអូ​ខ្លះ ថត​រូបភាព​ខ្លះ ស្រាប់​តែ​អង្គ​ចងចាំ​គាំង​លែង​ដំណើរការ ព្រោះ​អ្នក​ជ្រើស​យក​អង្គ​ចងចាំ​ដែល​មាន Speed ទាប​មក​ប្រើ Processing មិន​សមាមាត្រ និង Resolution ដែល Sensor ផ្ដល់​ឲ្យ​។ ពេល​ខ្លះ​ថត​ពេញ​អង្គ​ចង​ចាំ ខណៈ​ដែល​អ្នក​មាន​អង្គ​ចងចាំ​តែ​មួយ​គត់​។ នេះ​បាន​ចំ​ជា​ប្រហែស​!

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​កាមេរ៉ា​អស់​ថ្ម​ ឬ​ Storage ពេញ​ ពាក់​កណ្ដាល​ទី​កំពុង​ថតរូប​នោះ​ទេ​។ សូម្បី​តែ​ថ្ម​ប្រើ​លើ​ D​S​L​R អាយុ​វែង​ ក៏​​មាន​​មួយ​ ឬ​ពីរ​ទុក​សាគួរ​ជា​ការ​ចាំបាច់​។

បច្ចុប្បន្ននេះម៉ាស៊ីនថតទំនើបៗតែមានរន្ធអង្គចងចាំដល់ទៅ២។ ដាក់​ទាំង​ពីរ​រន្ធ ហើយ​ត្រូវ​ជ្រើស​យក​អង្គ​ចងចាំ​ដែល​ល្អ​មក​ប្រើ​។ ពេល​ទិញ​អ្នក​គិតគូរ​ច្រើន​រឿង​លុយ​កាក់ តែ​ដល់​ពេល​ប្រើ​បាន​ដឹង​ថា លុយ​ទាំង​នោះ​ថ្លៃ​មិន​ស្មើ​រូបភាព​ដែល​អ្នក​ថត​បាន ឬ​ចង់​បាន​ហើយ​មិន​បាន​ថត​នោះ​ទេ​

) មិន​សម្អាត​ឧបករណ៍​ទៀង​ទាត់

កាមេរ៉ា​ជា​ទ្រព្យ​របស់​អ្នក​ថតរូប​ ត្រូវការ​​ថែទាំ​​ជា​ប្រចាំ​។ រាល់​ពេល​ប្រើប្រាស់​រួច​ គួរ​សម្អាត​ដោយ​ប្រើ​ក្រណាត់​ទន់​ៗ។ មាន​ចំណុច​មួយ​ មិន​ថា​ប្រយ័ត្ន​ប៉ុណ្ណា​ ធូលី​ដី​នៅ​តែ​ចូល​កាមេរ៉ា​ ទំ​លើ​ Sensor ប៉ះពាល់​ដល់​គុណភាព​រូបភាព​។

អាច​ទិញ​សម្ភារៈ​សម្អាត​ Sensor និង​រៀន​ធ្វើ​ដោយ​ខ្លួន​ឯង​ ឬ​ទៅ​ហាង​ឲ្យ​គេ​សម្អាត រៀង​រាល់​ ៦ ខែ​ម្ដង​។

) រក​ទីតាំង​មិន​បាន​ល្អ

ការ​ថត​រូប​ពឹង​ទាំង​ស្រុង​លើ​ពន្លឺ ក៏​ប៉ុន្តែ​មិន​មែន​ថា ឲ្យ​តែ​មាន​ពន្លឺ​ថត​ស្អាត​នោះ​ទេ​។ អ្នក​ត្រូវ​ចេះ​ប្រើ​ពន្លឺ​ទៅ​តាម​ពេល​វេលា​ទៀត ទើប​អាច​ទទួល​បាន​រូប​ដ៏​ស្រស់​ស្អាត​ប្រកប​ដោយ​អត្ថន័យ​។

ចុះ​ឲ្យ​ធ្វើ​ដូច​ម្ដេច​?

អ្នក​ថត​រូប​មិន​មែន​ទេវតា​ទេ តែ​ត្រូវ​ដឹង​ពី​ទី​តាំង និង​ពេល​វេលា ដែល​ព្រះ​អាទិត្យ​រះ និង​លិច​ទៅ​វិញ ដោយ​ប្រើ​កម្មវិធី​ដូចជា​ Photo​Pills ។ វា​អាច​ប្រាប់​ពី​ពេល និង​ទី​កន្លែង ដែល​ថ្ងៃ​នឹង​រះ​ឡើង ឬ​លិច​។ យើង​អាច​មើល​ទីតាំង ដោយ​ប្រើ​កម្មវិធី​ដូចជា​ Google Maps មើល​តាម​ Street View mode ទៅ​លើ​ទីតាំង​ ក៏​ដូចជា​ប្លង់​ចង់​ផ្ដិត​យក។​ ពិត​ណាស់​ទិន្នន័យ​ក្នុង​នោះ​ អាច​ខុស​គ្នា​ ពី​ការ​ជាក់ស្ដែង​ តែ​ក៏​ជួយ​ផ្ដល់​ជា​គំនិត​បាន​ខ្លះ​ដែរ​។

) តែង​​ថត​ពី​លើ

ដើម្បី​បង្ហាញ​ទេស​ភាព​ធំ​ទូលាយ មាន​ពណ៌​ចម្រុះ អ្នក​ថត​ភ្លេច​គិត​ពី Subject ហើយ​ថត​តែ​ប្លង់​ពី​លើ​ទី​ខ្ពស់​គ្រប​ទៅ​លើ​ទិដ្ឋភាព​រួម ដែល​ធ្វើ​ឲ្យ​រូបភាព​បាត់​បង់​អត្ថន័យ​។ អ្នក​គួរ​តែ​រក​មនុស្ស ឬ​ក្រុម​មនុស្ស​កំពុង​ធ្វើ​សកម្មភាព រក​សត្វ ឬ​ហ្វូង​សត្វ ឬ​ដើម​ឈើ​ណា​មួយ​ធ្វើ​ជា​ប្រធានបទ​ក្នុង​ការ​បង្ហាញ​ទេសភាព​ដែល​មាន​នៅ​ជុំវិញ​នោះ​។

មួយ​ទៀត​អ្នក​ថត​ថ្មីថ្មោង​អាច​ប្រព្រឹត្តិ​កំហុស ដោយ​ឈរ​ខ្ពស់​ជាង Subject ហើយ​ចូល​ចិត្ត​ដាក់ Subject នៅ​ចំ​កណ្ដាល​ប្លង់ សម្រាប់​រូប Portrait ។ វា​មិន​មាន​លក្ខខ័ណ្ឌ​កំណត់​ដាច់​ខាត​នោះ​ទេ តែ​អ្នក​ថត​ត្រូវ​គិត​ដែរ ព្រោះ​រូបភាព​បែប​នេះ​អាច​បញ្ជាក់​នូវ​អត្ថន័យ​មួយ​ផ្សេង​ទៀត​ខុស​ពី​ការ​រំពឹង​ទុក​។


បញ្ហា​នេះ​អ្នក​គួរ​សិក្សា​អំពី Rule of third និង Camera angle ដែល​បាន​បកស្រាយ​ក្នុង​មេរៀន​ខាង​ដើម​។

) ចម្លង​ស្ទិល​ពី​អ្នក​ថត​ដទៃ

ស្នាដៃ​ថតរូប​នានា​ មាន​លើ​អ៊ីនធឺណិត​រាប់​ភ្លេច។ ឃើញ​គេ​ល្អ​ មិន​ប្រាកដ​ថា ​ថត​ដូច​គេ​ចេញ​មក​បាន​ស្អាត​ប្លែក​នោះ​ទេ​ ប្រហែល​ពន្លឺ​អាច​ខុសគ្នា​។ ចម្លង​ស្នាដៃ​ ជា​ការ​លើក​ទឹក​ចិត្ត​ជំរុញ​ការងារ​ល្អ​ តែ​ព្យាយាម​ធ្វើ​ឲ្យ​ដូច​គេ​ ជា​លទ្ធផល​តែ​ម្ដង​ ជា​កំហុស​គួរ​ជៀសវាង​។


គួរ​ព្យាយាម​បង្កើត​ស្ទិល​ផ្ទាល់​ខ្លួន​ ហើយ​ជំនាញ​នឹង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។

) ក្នុង​ដៃ​គ្មាន​កាមេរ៉ា

មិន​ដឹង​ប៉ុន្មាន​ដង​ហើយ​ភ្លេច​កាមេរ៉ា​នៅ​ផ្ទះ​ ខណៈ​ជួប​ទិដ្ឋភាព​ល្អ​ប្លែក​ភ្នែក​។ ការ​កាន់​កាមេរ៉ា​នឹង​ដៃ​ អាច​ចាប់​យក​រូបភាព​បាន​គ្រប់​ពេល​ ឲ្យ​តែ​ឱកាស​មក​ដល់​ ជាពិសេស​ទិដ្ឋភាព​ភ្ជាប់​នឹង​ពន្លឺ​ធម្មជាតិ​ដ៏​ល្អ​។ ពិត​ណាស់​ មិន​ងាយស្រួល​នោះ​ទេ​កាន់​កាមេរ៉ា​ D​S​L​R ទៅ​មក​ៗ ដូចនេះ​ គួរ​មាន​កាមេរ៉ា​តូច​ល្មម​ប្រើ​ បើ​អាច​។

) អាង​កាត់ត

បច្ចុប្បន្ន​កាមេរ៉ា​ជា​ច្រើន​ អាច​ថត​ទម្រង់​ File RAW ដែល​វា​ជួយ​ឲ្យ​កែប្រែ​បាន​ តែ​ក៏​មិន​គួរ​ពឹង​លើ​ការ​កាត់ត​ច្រើន​ពេក​ទេ។ ជាការល្អ បើ​យើង​កំណត់​កម្រិត​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ថត​ ជាង​ពឹង​លើ​កម្មវិធី​ដូចជា​ Adobe Light​room។ ការ​កែប្រែ​ Saturation និង​ Clarify មិន​ត្រឹមត្រូវ​ អាច​ប៉ះពាល់​ដល់​គុណភាព​រូប​។


ត្រូវ​គិត​ថា បើ​ថត​រូប​បាន​ស្អាត​ដោយ​មិន​ចាំបាច់ Edit គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​មាន​មោទនភាព​ណាស់​សម្រាប់​អ្នក​ថត​រូប​។

) ចង់​សម្គាល់​ស្នាដៃ​ ពេល​ចែក​រំលែក​រូប​ថត

Watermark ប្រើ​សម្គាល់​ម្ចាស់​រូប​ មិន​ចង់​ឲ្យ​នរណា​ម្នាក់​យក​ទៅ​ប្រើ​ ជា​ជម្រើស​ផ្ទាល់​ខ្លួន​ តែ​តិច​ ឬ​ច្រើន​ អាច​រំខាន​ដល់​អ្នក​មើល​ ចំពោះ​រូបភាព​ដ៏​ស្រស់​ស្អាត​។ មួយ​វិញ​ទៀត​ បើ​នរណា​ម្នាក់​ចង់​យក​ អាច​តម្រឹម​ ឬ​លុប​ផ្នែក​សម្គាល់​បាន​ មិន​ពិបាក​នោះ​ទេ​។​
ជា​ការ​ការពារ​ ពេល​ Upload រូបភាព​គួរ​ប្រើ​ទំហំ​តូច​ កុំ​ប្រើ​ទំហំ​ដើម​។

១០) ឆាប់​បោះបង់​ងាយស្រួល​ពេក

ពេល​ខ្លះ​អ្នក​បាន​រៀបចំ​គម្រោងការ សម្ភារៈ ឆាក​សម្រាប់​ថត​ជា​ស្រេច និង​រំពឹង​ថា​ថត​រូប​ក្នុង​ក្ដី​ស្រមៃ តែ​អាកាសធាតុ​ប្រែប្រួល​មិន​អំណោយផល​។ រឿង​មួយ​ទៀត​អ្នក​មិន​ចូល​ចិត្ត​រង់​ចាំ​។ ដើម្បី​បាន​រូប​ស្អាត ត្រូវ​អត់​ធ្មត់​រង់​ចាំ​ពេល​វេលា​សម​ស្រប​មក​ដល់ សឹម​យើង​ក្ដោប​យក​តែ​ម្ដង​។

អាកាសធាតុ​មិន​ល្អ​ គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​នោះ​ទេ​ នេះ​អាច​រំខាន​ដល់​ដំណើរការ​ ឬ​ការ​រៀបចំ​ដ៏​ល្អ​របស់​អ្នក​ក្នុង​ការ​ផលិត​រូបភាព។ តែ​កុំ​ធ្វើ​ឲ្យ​បញ្ហា​នេះ​ បំបាក់​ទឹក​ចិត្ត​អ្នក​។


សម្រប​តាម​អាកាសធាតុ​ ជ្រើសរើស​ប្លង់​ថត​តាម​ការ​គួរ​ ទាំង​ខាងក្រៅ​ ឬ​ខាងក្នុង​ អាច​ស​-ខ្មៅ​ប្រើ​ ND Filter ឬ​រៀបចំ​ថត​លក្ខណៈ​ Macro ឬ​ Portrait