ចន្លោះក្បាល និង ចន្លោះចុងច្រមុះ (Head room & Nose room)


Head Room

ជាចន្លោះនៅពីខាងលើក្បាល ដែលអ្នកថតរូបត្រូវស្វែងយល់ អំពីចន្លោះទាំងនោះថា តើត្រូវទុកត្រឹមណា ដើម្បីអ្វី ព្រោះពេលខ្លះទុកចន្លោះនៅខាងលើក្បាលធំពេកធ្វើឲ្យរូបភាពអាក្រក់មើល ដោយសារនៅខាងលើក្បាលគ្មានអ្វីសោះ គឺចន្លោះទទេចែស។ តែពេលខ្លះ គ្មានចន្លោះនៅលើក្បាលសោះ ថែមទាំងដាច់មួយចំណែកទៀត តែបែជាសល់ខាងក្រោមច្រើនជាងទៅវិញ ដែលជាហេតុបាត់នូវចំណុចចាប់អារម្មណ៍។ដូច្នេះអ្នកត្រូវពិចារណាឲ្យហ្មត់ចង់ក្នុងការទុកចន្លោះនៅលើក្បាល។ អ្នកខ្លះសម្រេចចិត្តទុកចន្លោះលើក្បាលធំ ព្រោះគេថតរូបមនុស្សឈរនៅក្បែរអាគារខ្ពស់រាង (Vertical) ដែលអាចឲ្យអ្នកមើលឃើញពីអំណាចរបស់អាគារនោះ ឬមនុស្សហ្នឹងកំពុងនៅក្បែរអាគារខ្ពស់ៗ។ ម្យ៉ាង អ្នកថតខ្លះ សម្រេចចិត្តមិនទុក Headroomសោះ និងថតឲ្យដាច់ក្បាលមួយចំណិតផង ព្រោះគេចង់បង្ហាញឲ្យឃើញពីទឹកមុខរបស់តួអង្គ ប៉ុន្តែគេក៏មិនទុកចំណែកខាងក្រោមឲ្យសល់ច្រើនដែរ ព្រោះវាអាចធ្វើឲ្យរូបបាត់ចំនុចចាប់អារម្មណ៍។ជាទូទៅ បើមិនមានអ្វីចង់បញ្ជាក់ក្រៅតែពីតួអង្គនោះទេ គេតែងទុកចន្លោះលើក្បាលតែបន្តិចប៉ុណ្ណោះ ដើម្បីកុំឲ្យវាដាច់ គឺគេទុកប្រហែលជានៅចំចន្លោះនៃបន្ទាត់Rule of Thirdខាងលើផុត។­­­

Nose Room

នៅពេលដែលអ្នកថតរូបឲ្យត្រូវ Rule of Third អ្នកត្រូវគិតដល់ចំនុចមួយគឺ Nose Room បានដល់ចន្លោះនៅពីខាងមុខតួអង្គ។ គ្មានមាត្រដ្ឋានសម្រាប់វាស់ថា ត្រូវតែទុកចន្លោះពី object ទៅកាន់frameនៃរូបថតប៉ុណ្ណានោះទេ ប៉ុន្តែអ្នកត្រូវទុកចន្លោះនៅពីខាងមុខតួអង្គ គឺចន្លោះដែលតួបែទៅរក ឲ្យច្រើនជាងផ្នែកខាងក្រោយ ព្រោះវាបង្ហាញឲ្យឃើញពីសុជីវធម៌មួយរបស់អ្នកថត និងជាចំនុចសមរម្យដែលមើលទៅមិនឆ្គងភ្នែក។បើនិយាយពីចិត្តសាស្ត្រមនុស្សខាងក្រៅវិញ មនុស្សម្នាក់ៗតែងមានការសម្លឹងមើលទៅខាងមុខ ឬទស្សនវិស័យជានិច្ច ដូច្នេះរូបថតត្រូវតែបង្ហាញពីចន្លោះដែលមនុស្សមើលត្រង់ទៅ។ បើអ្នកថតរូបដោយទុកចន្លោះខាងក្រោយក្បាល ច្រើនជាងខាងមុខ ឬអស់ចន្លោះខាងមុខរលីងនោះ បាន ន័យថាតួអង្គនោះអស់អនាគត ឬគ្មានទស្សនវិស័យ ឬចន្លោះពីខាងក្រោយក្បាលគ្មានន័យអ្វីសោះ។ ម្យ៉ាងក៏ធ្វើឲ្យឃើញថាឆ្គងភ្នែកផងដែរ។